Maine Public News Connect (08/11/23): ការិយាល័យអន្តោប្រវេសន៍ថ្មី ភាពចម្រូងចម្រាសល្បាតព្រំដែន ការអភិវឌ្ឍន៍កម្លាំងពលកម្ម និង វត្តខ្មែរ

ខ្ញុំជាម្ចាស់កម្មវិធី ធារី រ៉ាយដឺរ ។

 ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​សុក្រ ទី ១១ ខែ​សីហា ហើយ​នេះ​គឺ​ជា​ព័ត៌មាន​សំខាន់​ប្រចាំ​សប្តាហ៍។

 ការិយាល័យអន្តោប្រវេសន៍ថ្មី

អភិបាល Janet Mills បានប្រកាសកាលពីថ្ងៃពុធថារដ្ឋបាលរបស់គាត់នឹងបង្កើតការិយាល័យថ្មីមួយក្នុងគោលបំណងជួយជនអន្តោប្រវេសន៍ដែលមកថ្មីឲ្យចូលបំរើការងារ និងរួមចំណែកដល់សហគមន៍ម៉េន ។ ការិយាល័យជនជាតិអាមេរិកថ្មី ដែលបានស្នើឡើង នឹងដាក់ម៉េននៅក្នុងបញ្ជីជារដ្ឋមួយក្នុងចំណោមរដ្ឋជាងដប់ទៀត រួមជាមួយនឹងទីភ្នាក់ងារដែលមានគោលបំណងធ្វើសមាហរណកម្មជនអន្តោប្រវេសន៍មកដល់ថ្មីៗចូលទៅក្នុងសេដ្ឋកិច្ច ប្រព័ន្ធសាលារៀន និងសង្គម។ ដូចរដ្ឋជាច្រើនទៀតដែរ រដ្ឋម៉េនកំពុងមានការលំបាកក្នុងការជួយគាំទ្រអ្នកស្វែងរកសិទ្ធិជ្រកកោនរាប់រយនាក់ ដែលពួកគេភាគច្រើនបានមកដល់សហរដ្ឋអាមេរិកជាមួយនឹងបទពិសោធន៍វិជ្ជាជីវៈ និងការអប់រំ ប៉ុន្តែត្រូវបានហាមឃាត់ជាបណ្តោះអាសន្ន មិនឲ្យចូលធ្វើការងារនៅក្នុងសហរដ្ឋអាមេរិកនៅក្រោមច្បាប់របស់សហព័ន្ធ។ ក្រុមអ្នកតស៊ូមតិជួយដល់ជនអន្តោប្រវេសន៍បានអំពាវនាវឱ្យមានការសម្របសម្រួលកម្រិតរដ្ឋបន្ថែមទៀតអស់រយៈពេលជាច្រើនឆ្នាំ ហើយពួកគេបានសរសើរយ៉ាងពេញលេញនូវសេចក្តីប្រកាសរបស់លោកស្រី Mills ។

 ភាពចម្រូងចម្រាសល្បាតព្រំដែន

អង្គការសហភាពសេរីភាពស៊ីវិលអាមេរិកបានស្នើឱ្យក្រុមហ៊ុន Cyr Bus Lines បញ្ឈប់ការអនុញ្ញាតឱ្យភ្នាក់ងារគយនិងការពារព្រំដែនសហរដ្ឋអាមេរិកឡើងឡានក្រុងរបស់ពួកគេដោយគ្មានមូលហេតុ។ អង្គការនេះនិយាយថា ភ្នាក់ងារបានឡើងឡានក្រុងនៅចំណតឈប់សម្រាកក្នុងទីក្រុង Houlton ហើយសាកសួរអ្នកដំណើរ និងប្រើប្រាស់សត្វឆ្កែឲ្យហិតរកមើលថ្នាំញៀន ដើម្បីពិនិត្យមើលអីវ៉ាន់របស់អ្នកដំណើរទាំងអស់។ Carol Garvan នាយកផ្នែកច្បាប់នៃ ACLU នៃរដ្ឋម៉េន និយាយថា សកម្មភាពបែបនេះបំពានលើវិសោធនកម្មទី៤ នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ដែលតម្រូវឱ្យមានការសង្ស័យសមហេតុផល ឬភវនីយហេតុ មុនឈានដល់ការស្រាវជ្រាវស្វែងរក ឬការឃុំខ្លួនមនុស្ស។ ប្រធានក្រុមហ៊ុន Cyr Bus Line លោក Mike Cyr មិនមានការយោបល់នោះទេ។

ការអភិវឌ្ឍន៍កម្លាំងពលកម្ម

មនុស្ស ១៣ នាក់កាលពីសប្តាហ៍មុនបានបញ្ចប់វគ្គពីកម្មវិធីហ្វឹកហ្វឺនការងាជាមុន ដែលមានគោលបំណងរៀបចំកម្មករសម្រាប់អាជីពក្នុងឧស្សាហកម្មសំណង់។ កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សហជីព​ការងារ និង​អង្គការ​ផ្សេង​ទៀត​ដែល​ជំរុញ​ការ ​បណ្តុះ​បណ្តាល​កម្មករ​នៅ​រដ្ឋម៉េន និង New England ។ លោក Sam Boss ជាមួយសហជីពការងារ AFL-CIO បាននិយាយថា កម្មវិធីនេះត្រូវបានរចនាឡើងជាពិសេសដើម្បីជួយក្រុមបុគ្គលដែលខ្វះភាពតំណាង រួមទាំងជនអន្តោប្រវេសន៍ ឲ្យមានឱកាសចាប់ផ្តើមអាជីពក្នុងវិស្ស័យពាណិជ្ជកម្ម។ ក្នុង​ចំណោម​អ្នក​ដែល​បញ្ចប់​ការ​សិក្សា​នោះ មាន​អតីត​អាកាសយានិក​ទ័ព​អាកាស​អាហ្វហ្កានីស្ថាន​ជាច្រើន​នាក់​ដែល​បាន​ចូលរួមប្រយុទ្ធ​ជាមួយ​យោធា​អាមេរិក ហើយ​ត្រូវ​រត់​ភៀស​ខ្លួន​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​បន្ទាប់​ពី​ក្រុម​តាលីបង់​បាន​កាន់កាប់​ប្រទេស​វិញ​កាល​ពី​ពីរ​ឆ្នាំ​មុន។

 វត្តខ្មែរ

វត្ត​សាមគ្គី​ជា​វត្ត​ព្រះពុទ្ធ​សាសនារបស់​ខ្មែរ​ដែល​មាន​ទី​តាំង​នៅ​ក្នុង​ក្រុង Buxton បាន​ប្រកាស​កាល​ពី​សប្តាហ៍​មុន​ថា​នឹង​ផ្លាស់​ប្តូរ​ទីតាំងទៅ​ក្រុង Westbrook ។nថ្មីៗនេះវត្តបានក្លាយជាម្ចាស់កម្មសិទ្ធិដីមួយកន្លែងដែលមិនទាន់អភិវឌ្ឍន៍ចំនួន ៣០អេគើ នៅក្រុង Westbrook ជាមួយនឹងផែនការសាងសង់វត្ត សួនដំណាំសហគមន៍ និងផ្លូវលំដែលអាចចូលប្រើប្រាស់បានជាសាធារណៈដែលភ្ជាប់ជាមួយបណ្តាញផ្លូវលំដែលមានស្រាប់របស់ ក្រុង។ វត្ត​​កំពុង​រៃអង្គាស​ប្រាក់​សម្រាប់​គម្រោង​នេះ​ដោយ​សហការ​ជាមួយ​ខ្មែរ​ម៉េន​ដែល​ជា​អង្គការ​សហគមន៍​ខ្មែរ​របស់​រដ្ឋ។

 

នេះគឺជា Maine Public News Connect សូមអរគុណសម្រាប់ការចូលរួម។ យើងនឹងជួបអ្នកនៅពេលក្រោយ។

Previous
Previous

MaineBiz: Two Cambodian nonprofits in Maine launch fundraiser to build cultural center and temple

Next
Next

WGME: Fundraising campaign begins for Cambodian Buddhist temple in Westbrook