Maine Public News Connect (03/22/2024): ការស៊ើបអង្កេតលើការបាញ់ប្រហារដ៏ធំ សារធាតុគីមីដែលបង្កឲ្យមានគ្រោះថ្នាក់ ការអភិវឌ្ឍន៍ថាមពលខ្យល់ និង ការកើនឡើងនៃទឹកជំនន់
ការស៊ើបអង្កេតលើការបាញ់ប្រហារដ៏ធំ
គណៈកម្មការឯករាជ្យ ដែលស៊ើបអង្កេតលើការបាញ់ប្រហារដ៏ធំ ដែលបានកើតឡើងកាលពីខែតុលាឆ្នាំមុននៅទីក្រុងលូវីស្តុន បានចេញរបាយការណ៍មួយកាលពីសប្តាហ៍មុន ដោយរិះគន់ពីរបៀប ដែលប៉ូលីសបានដោះស្រាយការព្រួយបារម្ភអំពីស្ថានភាពផ្លូវចិត្តធ្លាក់ចុះកាន់តែយ៉ាប់យ៉ឺនរបស់អ្នកបាញ់ប្រហារ។
របាយការណ៍បានបញ្ជាក់ថា ការិយាល័យតម្រួតស្រុកសាហ្គាដុហុក មានមូលហេតុគ្រប់គ្រាន់ដើម្បីចាប់ខ្លួន រ៉ូប៊ើត ខាដ យកទៅឃុំឃាំងប្រាំមួយសប្តាហ៍មុនពេលការបាញ់ប្រហារ។
នៅក្នុងរបាយការណ៍នេះបានបញ្ជាក់ដែរថា ការិយាល័យតម្រួតស្រុកគួរតែប្រើច្បាប់ “ទង់ពណ៌លឿង” ដែលជាច្បាប់របស់រដ្ឋដើម្បីរឹបអូសយកកាំភ្លើងរបស់ជនល្មើស ខាដ តែផ្ទុយទៅវិញ តម្រួតពឹងផ្អែកលើការសន្យាពីសមាជិកគ្រួសាររបស់ ខាដ ថាពួកគេនឹងព្យាយាមដកទុក្ខអាវុធពី ជនល្មើស។
យើងមិនអាចទាក់ទងទៅកាន់ លោក ចូអ៊ែល ម៉េរី ដែលជាស្នងការ ស្រុកសាហ្គាដុហុក ដើម្បីសុំការបំភ្លឺបានទេ។ ប៉ុន្តែអ្នកនាំពាក្យរបស់អភិបាលរដ្ឋ ជែណិត មីល្ស បាននិយាយថាអភិបាលនឹង “ពិនិត្យដោយប្រុងប្រយ័ត្ន” លើរបាយការណ៍នេះ។
សារធាតុគីមីបង្កគ្រោះថ្នាក់
សំណាកទឹកសមុទ្រជាង ១០០គំរូ ដែលយកចេញពី ១៨ កន្លែងនៅក្នុង ឈូងសមុទ្រខាស់ខូបេ កាលពីឆ្នាំមុនបានបង្ហាញថាមានផ្ទុកសារធាតុគីមី PFAS កម្រិតទាប។
អង្គការវិទ្យាសាស្ត្រមួយចំនួនកំពុងធ្វើការសិក្សារយៈពេល ៣ ឆ្នាំលើ PFAS ដែលត្រូវបានគេស្គាល់ថាជា "សារធាតុគីមីជានិរន្ត" ដោយសារតែរយៈពេលដែលសារធាតុនោះស្ថិតនៅក្នុងបរិស្ថាន។
ក្រុមអ្នកវិទ្យាសាស្រ្តកំពុងព្យាយាមកំណត់ថាតើសារធាតុគីមីកើតឡើង ពីណា និងតើវាហូរចូលទៅក្នុងទឹកសមុទ្រដោយរបៀបណា។
សារធាតុគីមី PFAS ត្រូវបានគេរកឃើញរួចមកហើយនៅក្នុងដី និងទឹកផឹកនៅក្នុងកសិដ្ឋានជាច្រើននៅទូទាំងរដ្ឋម៉េន ។
យោងតាមទីភ្នាក់ងារការពារបរិស្ថាន ការប៉ះពាល់ជាមួយ សារធាតុគីមី PFAS អាចមានផលប៉ះពាល់ដល់សុខភាព រួមទាំងមានហានិភ័យខ្ពស់នៃការកើតជំងឺមហារីកមួយចំនួន។
ការអភិវឌ្ឍន៍ថាមពលខ្យល់
ការិយាល័យគ្រប់គ្រងថាមពលមហាសមុទ្របានបញ្ចប់ការសម្រេចជ្រើសរើសទីតាំង ដោយយកតំបន់មួយនៅឈូងសមុទ្រម៉េន ជាកន្លែងសំរាប់អភិវឌ្ឍន៍
កសិដ្ឋានខ្យល់នៅឆ្នេរសមុទ្រ។
តំបន់នេះមានផ្ទៃដី ២ លានហិចតានៃមហាសមុទ្រនៅក្បែរឆ្នេរសមុទ្រនៃ រដ្ឋម៉េន រដ្ឋញូ-ហេមស៊ើ និង រដ្ឋម៉ាសាជូសេដ ។
តំបន់ចុងក្រោយដែលបានជ្រើសរើសនេះ គឺតំណាងឱ្យការកាត់បន្ថយ៨០% នៃទំហំផ្ទៃទឹក ពីផ្នែកមួយដែលមន្ត្រីសហព័ន្ធបានកំណត់ជាលើកដំបូងសម្រាប់ការជួល។ អ្នកនយោបាយរដ្ឋម៉េន បាននិយាយថា នេះគឺជាដំណឹងដ៏ក្រេកអរ សម្រាប់ឧស្សាហកម្មនេសាទរបស់រដ្ឋ។
តំបន់នេះអាចទ្រទ្រង់ការផលិតថាមពលខ្យល់ ៣២ជីហ្គាវ៉ាត់។ រដ្ឋម៉េនបានកំណត់គោលដៅក្នុងការទទួលបានថាមពលខ្យល់ពីឆ្នេរសមុទ្រ ចំនួន ៣ជីហ្គាវ៉ាត់ ខណៈដែលរដ្ឋម៉ាសាជូសេដចង់ផលិតថាមពលឲ្យបាន ១០ជីហ្គាវ៉ាត់។
ការកើនឡើងនៃទឹកជំនន់
អ្នកវិទ្យាសាស្ត្រកំពុងព្យាករណ៍ថានឹងមានទឹកជំនន់កាន់តែច្រើនឡើង នៅក្នុងរដ្ឋម៉េន ដោយសារតែការប្រែប្រួលអាកាសធាតុ ខណៈដែលកម្រិតទឹកសមុទ្រនៅតែបន្តកើនឡើង។
ក្នុងឆ្នាំ ២០១០ រដ្ឋម៉េន មានទឹកជំនន់ប្រហែល ១២ ថ្ងៃក្នុងមួយឆ្នាំ។
អ្នកស្រាវជ្រាវនិយាយថា ចំនួននេះអាចកើនឡើងជិតបីដងនៅពាក់កណ្តាលទសវត្សរ៍ខាងមុខ។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ទឹកជំនន់ទាំងនោះរួមបញ្ចូលទាំងទឹកជំនន់មួយប្រភេទដែលគេហៅថា "ទឹកជំនន់គួរឲ្យរំខាន" ដែលអាចកើតឡើងក្នុងអំឡុងពេលមានជំនោរខ្ពស់ ទោះបីជាមិនមានព្យុះធំក៏ដោយ។
អ្នកវិទ្យាសាស្ត្រក៏និយាយផងដែរថា ទឹកភ្លៀងកំពុងកើនឡើង វាជាលទ្ធផលនៃការប្រែប្រួលអាកាសធាតុ ដែលអាចធ្វើឱ្យមានខ្យល់បក់ និងព្យុះភ្លៀងកាន់តែច្រើន ដូចជាប្រភេទព្យុះភ្លៀងដែលបានបង្កការខូចខាតយ៉ាងច្រើននៅទូទាំងរដ្ឋម៉េន ក្នុងរដូវរងារនេះ។
នេះគឺជា Maine Public News Connect យើងនឹងជួបអ្នកនៅពេលក្រោយ។