Maine Public News Connect (05/17/24): អាហារហាឡាល់នៅសាលារៀន ទិដ្ឋាការការងារតាមរដូវ ផែនការសាលាក្នុងទីក្រុងPortland និង មូលនិធិហេដ្ឋារចនាសម្ព័ន្ធសហព័ន្ធ
ការបកប្រែជាអត្ថបទតែប៉ុណ្ណោះ៖ អាហារហាឡាល់នៅសាលារៀន ទិដ្ឋាការការងារតាមរដូវ ផែនការសាលាក្នុងទីក្រុងPortland និង មូលនិធិហេដ្ឋារចនាសម្ព័ន្ធសហព័ន្ធ
ខ្ញុំជាម្ចាស់កម្មវិធី ធារី រ៉ាយដឺរ ។
ថ្ងៃនេះគឺថ្ងៃសុក្រ ទី ១៧ ខែឧសភា ហើយនេះជាព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍។
អាហារហាឡាល់នៅសាលារៀន
សាលារបស់រដ្ឋចំនួនបីនៅក្នុងទីក្រុង Westbrook ទីក្រុងPortland និង ទីក្រុងSouth Portland បានចាប់ផ្តើមបម្រើអាហារហាឡាល់នៅក្នុងអាហារដ្ឋានរបស់ពួកគេ ដែលមានការបញ្ជាក់ច្បាស់លាស់។ គោលដៅគឺដើម្បីបង្កើនការចូលរួមបរិភោគអាហារថ្ងៃត្រង់នៅសាលារៀនរបស់សិស្សជាជនជាតិមូស្លីម។
ជនជាតិមូស្លីមជាច្រើនដែលគោរពតាមការណែនាំអាហារហាឡាល់ ដែលហាមឃាត់មិនឲ្យបរិភោគអាហារមួយចំនួន និងតម្រូវឱ្យសាច់សត្វត្រូវបានចិញ្ចឹម និងសម្លាប់តាមរបៀបជាក់លាក់។សិស្សមូស្លីមមួយចំនួននៅវិទ្យាល័យ Westbrook បាននិយាយថា ពួកគេធ្លាប់បរិភោគអាហារតិចនៅសាលារៀន ឬមិនបរិភោគអាហារថ្ងៃត្រង់តែម្តង ដោយសារតែអាហារដ្ឋានមិនមានអាហារហាឡាល់ដែលបានបញ្ជាក់ត្រឹមត្រូវ។បន្ទាប់ពីមានការធ្វើតេស្តសាកល្បងនូវតម្រូវការនៅសាលាចំនួនបីនៅឆ្នាំនេះ កម្មវិធីនេះមានគោលបំណងពង្រីកទៅកាន់សាលារៀន និងស្រុកបន្ថែមទៀតនៅឆ្នាំខាងមុខ។
ដើម្បីអានអត្ថបទនេះទាំងស្រុង ដែលបានបកប្រែជាច្រើនភាសា សូមចូលទៅកាន់ mainepublic.org ។
ទិដ្ឋាការការងារតាមរដូវកាល
មន្ត្រីទេសចរណ៍និយាយថា បុគ្គលិកដែលចូលមកធ្វើការនៅក្នុងរដ្ឋតាមទិដ្ឋាការរដូវកាល H-2B គួរតែមកដល់ត្រឹមថ្ងៃបុណ្យរំលឹកគុណអតីតយុទ្ធជន (Memorial Day) ទោះបីមានបញ្ហាប្រឈមនានានៅក្នុងដំណើរការនៅនាយកដ្ឋានសន្តិសុខមាតុភូមិក៏ដោយ។
ក្រុមពាណិជ្ជកម្ម Hospitality Maine និយាយថា ទិដ្ឋាការចំនួន ៦៤,០០០ ត្រូវបានបើកចេញឲ្យប្រើប្រាស់នៅក្នុងខែវិច្ឆិកា គឺលឿនជាងធម្មតា ដែលអនុញ្ញាតឱ្យនិយោជកអាចរៀបចំផែនការទុកជាមុន។ការពន្យារពេលទិដ្ឋាការកាលពីឆ្នាំមុនបានធ្វើឱ្យអាជីវកម្មទេសចរណ៍ជាច្រើនមិនមានបុគ្គលិកបំរើការ គ្រប់គ្រាន់។សណ្ឋាគារ ភោជនីយដ្ឋាន និងអាជីវកម្មតាមរដូវកាលផ្សេងទៀតជាច្រើនពឹងផ្អែកលើបុគ្គលិក H-2B ដើម្បីបង្កើនកម្លាំងការងាររបស់ពួកគេក្នុងរដូវទេសចរណ៍នារដូវក្តៅដ៏មមាញឹករបស់រដ្ឋម៉េន។
ផែនការសាលាក្នុងទីក្រុងPortland
មន្ត្រីសាលានៅទីក្រុង Portland កំពុងពិចារណាលើផែនការដើម្បីច្របាច់ចូលវិទ្យាល័យទាំងបីរបស់ទីក្រុង និងសាងសង់អគារសិក្សាមួយនៅទីតាំងថ្មី ។អគារវិទ្យាល័យបច្ចុប្បន្នត្រូវការការជួសជុល និងកែលម្អដែលមានតម្លៃរាប់លានដុល្លារ។មន្ត្រីសាលាបាននិយាយថា ស្រុកបានរៀបចំកំណែទម្រង់បណ្តោះអាសន្ន ប៉ុន្តែអាចស្វែងរកថវិកាពីរដ្ឋដើម្បីសាងសង់អគារសិក្សាថ្មី ដើម្បីបម្រើសិស្សវិទ្យាល័យទាំងអស់នៅក្នុងទីក្រុង។ផែនការនេះនឹងចំណាយពេលយ៉ាងហោចណាស់ជាច្រើនឆ្នាំ។ ប្រសិនបើសាលារៀនថ្មីត្រូវបានសាងសង់ វានឹងមិនអាចកើតឡើងមុនឆ្នាំ ២០៣០ នោះទេ។
មូលនិធិហេដ្ឋារចនាសម្ព័ន្ធសហព័ន្ធ
សេតវិមានកំពុងប្រារព្ធកម្មវិធី "សប្តាហ៍នៃហេដ្ឋារចនាសម្ព័ន្ធ" ដែលលើកឡើងពីគម្រោងនានានៅទូទាំងប្រទេសដែលទទួលបានថវិកាពីច្បាប់ហេដ្ឋារចនាសម្ព័ន្ធទ្វេភាគីឆ្នាំ ២០២១ ដែលច្បាប់នេះបានដោះសោរបញ្ចេញប្រាក់រាប់រយពាន់លានដុល្លារ ជាថវិកាសហព័ន្ធ។គិតត្រឹមខែមេសា រដ្ឋម៉េន បានទទួលប្រាក់ចំនួន ២.៤ ពាន់លានដុល្លារសម្រាប់គម្រោងថាមពលស្អាត ការដឹកជញ្ជូន និងប្រព័ន្ធទឹក។ថវិកាមួយចំនួនបានទៅសាលាសហគមន៍ Wells-Ogunquit ដែលគ្រោងនឹងផ្លាស់ប្តូរថយន្តក្រុងចំនួន ១១ នៅ ក្នុងចំណោមរថយន្តក្រុងទាំង ១២ របស់សាលារៀន ទៅប្រើរថយន្តដែលមិនមានការបំភាយឧស្ម័ន ឬការ បំភាយឧស្ម័នទាប។មន្រ្តីសេតវិមានបាននិយាយថា រដ្ឋម៉េនក៏បានទទួលប្រាក់ជាង ៥០០ លានដុល្លារផងដែរ ដើម្បីកែលម្អប្រព័ន្ធ អ៊ីនធឺណិតនៅទូទាំងរដ្ឋ។ គម្រោងផ្សេងទៀតរួមមានការកែលម្អអាកាសយានដ្ឋាន និងគម្រោងធ្វើផ្លូវ។
នេះគឺជា Maine Public News Connect យើងនឹងជួបអ្នកនៅពេលក្រោយ។