Maine Public News Connect (08/04/23): ដំណើរទស្សនកិច្ចប្រធានាធិបតី, ការបាញ់ប្រហារនៅ Lewiston, នាយកសុខភាពសាធារណៈថ្មី, ការធ្វើដំណើរយ៉ាងឆាប់រហ័ស

ខ្ញុំជាម្ចាស់ផ្ទះកម្មវិធី ធារី រ៉ាយដឺរ ។ ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​សុក្រ ទី ​៤ ខែ​សីហា ហើយ​នេះ​ជា​ព័ត៌មានប្រចាំ​សប្តាហ៍។

 ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី

លោកប្រធានាធិបតី Joe Biden បានទៅធ្វើទស្សនកិច្ចនៅរដ្ឋម៉េន កាលពីសប្តាហ៍មុន ដើម្បីបង្ហាញពីផ្នែកសំខាន់ពីការវិនិយោគរបស់ប្រទេសអាមេរិកក្នុងវិស័យ ឧស្សាហកម្ម និងដើម្បីពង្រឹងការគាំទ្រសម្រាប់គោលនយោបាយសេដ្ឋកិច្ចរបស់លោក។ លោក Biden បានមានប្រសាសន៍ទៅកាន់ក្រុមមនុស្សប្រហែល ១៥០ នាក់នៅក្រុមហ៊ុន Auburn Manufacturing Inc. ដែលជាក្រុមហ៊ុនជំនាញផ្នែកក្រណាត់ធន់នឹងកំដៅ។ ក្រុមហ៊ុនបានទទួលប្រាក់ជាង ៦០០,០០០ដុល្លារ ពីផែនការសង្គ្រោះអាមេរិក ដែលជាកញ្ចប់ជំនួយថវិកាដើម្បីជំរុញសេដ្ឋកិច្ចដោយមានទឹកប្រាក់ប្រហែល ២  ពាន់លានដុល្លារដែលអនុម័តដោយសភាកាលពី ២ ឆ្នាំមុនក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ។ Kathie Leonard ស្ថាបនិកនិងជាប្រធានក្រុមហ៊ុន Auburn Manufacturing បាននិយាយថា កញ្ចប់ជំនួយបានជួយឲ្យអាជីវកម្មខ្នាតតូចដូចជាក្រុមហ៊ុនរបស់គាត់ឱ្យមានស្ថេរភាពក្នុងអំឡុងពេលជំងឺរាតត្បាត។ គាត់ក៏បានសរសើរដល់ការយកចិត្តទុកដាក់របស់ Biden លើការផលិតរបស់អាមេរិកជាមួយនឹងការជួយបង្កើនតម្រូវការសម្រាប់ផលិតផលដែលផលិតនៅក្នុងសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ការស្ទង់មតិថ្មីៗមួយចំនួនបានបង្ហាញថា អ្នកបោះឆ្នោតភាគច្រើនមិនមានទស្សនៈគាំទ្រចំពោះគោលនយោបាយសេដ្ឋកិច្ចរបស់ប្រធានាធិបតីនោះទេ។

 ការបាញ់ប្រហារនៅ Lewiston

 ប៉ូលីសរដ្ឋម៉េន កំពុងធ្វើការស្រាវជ្រាវអំពីការបាញ់ប្រហារនៅទីក្រុង Lewiston កាលពីថ្ងៃអាទិត្យ ដែលបានបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់។ មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​មនុស្ស​ទី​ពីរ​បាន​ស្លាប់​បន្ទាប់​ពី​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីពេទ្យម៉េនមេឌីខល។ ការ​បាញ់​ប្រហារ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​ជា​ឧប្បត្តិហេតុ​ដាច់​ដោយ​ឡែក ហើយ​ប៉ូលិស​និយាយ​ថា​មិន​មាន​ការ​គំរាម​កំហែង​ដល់​សាធារណជន​ឡើយ។ Maine Community Integration ដែលជាអង្គការដែលធ្វើការ  យ៉ាងជិតស្និទ្ធជាមួយសហគមន៍ជនអន្តោប្រវេសន៍នៅក្នុងទីក្រុង Lewiston បានសរសេរនៅក្នុងសារបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា អំពើហិង្សាដោយកាំភ្លើងកំពុងក្លាយជាបញ្ហាធំមួយនៅក្នុងមូលដ្ឋានម្តងបន្តិច ម្តងបន្តិច។ ក្រុម​នេះ​បាន​និយាយ​ថា ការ​កំណត់​អត្តសញ្ញាណ និង​ដោះស្រាយ​មូលហេតុ​ដើម​នៃ​អំពើ​ហិង្សា​ដោយ​កាំភ្លើង គឺជា​ជំហាន​ដំបូង​ក្នុង​ការ​រក្សា​សុវត្ថិភាព​សហគមន៍។ 

 ប្រធានមជ្ឈមណ្ឌលសុខភាពសាធារណៈថ្មី

ម៉េននឹងមានប្រធានថ្មីសម្រាប់មជ្ឈមណ្ឌលបង្ការ និង គ្រប់គ្រងជំងឺឆ្លងរបស់រដ្ឋក្នុងពេលឆាប់ៗនេះ ដែលជាទីភ្នាក់ងារដែលបានដើរតួនាទីយ៉ាងសំខាន់របស់រដ្ឋក្នុងការដឹកនាំការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត កូវីដ ១៩ ។ វេជ្ជបណ្ឌិត ពុទ្ធារី វ៉ា (Puthiery Va) នឹងមកធ្វើការនៅម៉េន ពីរដ្ឋ Arizona ដែលបច្ចុប្បន្ននាងជានាយកផ្នែកសុខភាពសាធារណៈសម្រាប់ផ្នែកមួយនៃ ជាតិ Navajo ដែលជាជនជាតិអាមេរិកដើមកំណើតដ៏ធំបំផុតនៅក្នុងប្រទេស។ វេជ្ជបណ្ឌិត វ៉ា និយាយថាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងរបស់នាងគឺការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសុខភាពសាធារណៈរបស់រដ្ឋម៉េន ជាមួយនឹងគិលានុបដ្ឋាយិកាសុខភាពសាធារណៈបន្ថែមទៀត បុគ្គលិកសុខភាពសហគមន៍ និង អ្នកអប់រំ។ គ្រួសាររបស់ វេជ្ជបណ្ឌិត វ៉ា មានដើមកំណើតមកពីប្រទេសកម្ពុជា។ Khmer Maine ដែលជាអង្គការសហគមន៍កម្ពុជារបស់រដ្ឋបានស្វាគមន៍ចំពោះព័ត៌មាននៃការតែងតាំងរបស់នាងដោយនិយាយថាបទពិសោធន៍របស់នាងក្នុងការធ្វើការជាមួយសហគមន៍ជនជាតិដើមភាគតិចមានសារៈសំខាន់ក្នុងការដោះស្រាយវិសមភាពសុខភាពដែលប៉ះពាល់ដល់សហគមន៍នៃពណ៌សម្បុរនៅក្នុងរដ្ឋម៉េន។

 ការធ្វើដំណើរយ៉ាងឆាប់រហ័ស

មន្ត្រីក្នុងតំបន់ Portland កំពុងពិចារណាលើប្រព័ន្ធរថយន្តក្រុងដឹកជញ្ជូនលឿន ខ្សែរថ្មីមួយសម្រាប់តំបន់។ នៅក្រោមសំណើព្រាងពីក្រុមប្រឹក្សា Greater Portland រៀបចំទុក្ខផ្លូវសំរាប់ឡានក្រុងនឹងអាចផ្តល់សេវាដឹកជញ្ជូនរហ័សតាមរយៈ Portland, Westbrook និង Gorham គឺមានល្បឿលឿនជាងសេវាឡានក្រុងចាស់។ ផ្លូវដែលត្រូវឆ្លងកាត់គឺចាប់ផ្តើមចេញពីសាកលវិទ្យាល័យ Southern Maine ក្នុងទីក្រុង Gorham ធ្វើដំណើរឆ្លងកាត់ទីប្រជុំជន Westbrook ហើយឈប់នៅបរិវេណ USM ក្នុងទីក្រុង Portland មុនពេលធ្វើដំណើរទៅកាន់ទីប្រជុំជន Portland ។ ការរំពឹងទុក្ខនៅលើសំណើនេះ គឺរថយន្តក្រុងនឹងធ្វើដំណើររៀងរាល់ ១០ នាទីម្តង រវាង Portland និង Westbrook និងរៀងរាល់ ២០ នាទីម្តងរវាង Westbrook និង Gorham ។ គំរោងនេះនៅមានផ្លូវវែងឆ្ងាយមុននឹងឈានចូលដល់ការកើតឡើងជាការពិត ដោយសារទីក្រុងនានាដែលពាក់ព័ន្ធត្រូវសម្រេចចិត្តថាតើទំហំផ្លូវប៉ុន្មាន សម្រាប់ទុក្ខជាផ្លូវអទិភាពសំរាប់រថយន្តក្រុង។ គម្រោង​នេះ​ក៏​នឹង​ត្រូវ​ការ​ធានា​នូវ​មូលនិធិ​សហព័ន្ធ​ផង​ដែរ។

 

នេះគឺជា Maine Public News Connect សូមអរគុណសម្រាប់ការចូលរួម។ យើងនឹងជួបអ្នកនៅពេលក្រោយ។

Previous
Previous

WGME: Fundraising campaign begins for Cambodian Buddhist temple in Westbrook

Next
Next

Maine Public News Connect (07/28/23)កម្មវិធីចែករំលែកផ្ទះស្នាក់នៅ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ការអភិវឌ្ឍន៍លំនៅដ្ឋាន និង ការអនុញ្ញាតការងារ