Maine Public News Connect (10/07/2023): សុន្ទរកថារបស់អភិបាលក្រុង ការផ្តល់មូលនិធិថែទាំកុមារ កម្មវិធីចែករំលែកអាហារ អ្នកសិក្សាភាសាអង់គ្លេស
សុន្ទរកថារបស់អភិបាលក្រុង
ក្នុងអំឡុងពេលថ្លែងសុន្ទរកថាកាលពីយប់ថ្ងៃច័ន្ទ អភិបាលក្រុង Portland លោកស្រី Kate Snyder បានមានប្រសាសន៍ថា បញ្ហាលំនៅដ្ឋាន និងភាពគ្មានផ្ទះសម្បែងនៅតែជាបញ្ហាចម្បងសម្រាប់ទីក្រុង។ លោកស្រី Snyder និយាយថា លំនៅដ្ឋានជាង ១០០០ ខ្នងកំពុងសាងសង់នាពេលបច្ចុប្បន្ននៅក្នុងទីក្រុង ដោយមានប្រហែល ២០% នៃផ្ទះទាំងនោះត្រូវបានគេកំណត់ថាជាលំនៅដ្ឋានតម្លៃសមរម្យ។ ប៉ុន្តែលោកស្រីបានទទួលស្គាល់ថា ទីក្រុងនៅខ្វះលំនៅដ្ឋានអន្តរកាល និងលំនៅដ្ឋាន បណ្តោះអាសន្ន ។ លោកស្រីបាននិយាយថា ក្តីបារម្ភជុំវិញភាពគ្មានផ្ទះសម្បែងក៏ជាចំណុចនាំមុខ និង ចំណុច កណ្តាលផងដែរ បើទោះជាក្រុងបានបើកកន្លែងស្នាក់នៅថ្មីសម្រាប់អ្នកគ្មានផ្ទះនៅឆ្នាំនេះ និងកន្លែងសម្រាកបណ្តោះអាសន្នចំនួនពីរសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោនក៏ដោយ។ នេះគឺជាការថ្លែងសុន្ទរកថាដ៏សំខាន់ចុងក្រោយរបស់លោកស្រី Snyder ក្នុងឋានៈជាអភិបាល ក្រុង។ អាណត្តិរបស់លោកស្រីនឹងបញ្ចប់នៅឆ្នាំនេះ ហើយលោកស្រីនឹងមិនឈរឈ្មោះបោះឆ្នោតម្តងទៀងទេ។ បេក្ខភាព៥រូបកំពុងឈរឈ្មោះដើម្បីជំនួសតំណែងលោកស្រី។
ការផ្តល់មូលនិធិថែទាំកុមារ
អ្នកផ្តល់សេវាថែទាំកុមាររដ្ឋម៉េន និយាយថា ការបញ្ចប់នៃមូលនិធិជំនួយរបស់សហព័ន្ធ អាចធ្វើឱ្យពួកគេកាន់តែពិបាកក្នុងការបន្តអាជីវកម្ម។ នៅចំណុចមួយ ជំនួយដែលបានមកពីកម្មវិធី ផែនការសង្គ្រោះអាមេរិក បានផ្តល់ឲ្យអ្នកផ្តល់ សេវា ១០០ដុល្លា ក្នុងមួយខែសម្រាប់មើលក្មេងនីមួយៗនៅក្នុងមជ្ឈមណ្ឌលរបស់ពួកគេ។ ប៉ុន្តែការផ្តល់ថវិកានោះឥឡូវត្រូវបានបញ្ចប់។ កាលពីដើមឆ្នាំនេះ សភាបានអនុម័តគំរោងថវិកាដែលពង្រីកការឧបត្ថម្ភធនលើការថែទាំកុមារ និងបង្កើនប្រាក់បៀវត្សរ៍ប្រចាំខែទ្វេដងសម្រាប់បុគ្គលិកថែទាំកុមារ។ ប៉ុន្តែអ្នកផ្តល់សេវាកត់សម្គាល់ច្បាប់នៃការតម្លើងប្រាក់ឧបត្ថម្ភទំនងជានឹងមិនចូលជាធរមានក្នុងរយៈពេលច្រើន សប្តាហ៍ទៀត។ នាយកដ្ឋានសុខភាព និងសេវាប្រជាជនរដ្ឋម៉េន និយាយថា ខ្លួននឹងបន្តធ្វើការជាមួយស្ថាប័ននីតិប្បញ្ញត្តិ និងក្រុមផ្សេងទៀតលើគំនិតថ្មីៗ ដើម្បីពង្រឹងប្រព័ន្ធថែទាំកុមាររបស់រដ្ឋ។
កម្មវិធីចែករំលែកអាហារ
កាលពីខែមុន សហគមន៍ជនភៀសខ្លួន Somali Bantu និងកុលសម្ព័ន្ធឥណ្ឌាមួយក្នុងចំណោមកុលសម្ព័ន្ធឥណ្ឌាចំនួនបួននៅក្នុងរដ្ឋម៉េន ដែលត្រូវបានទទួលស្គាល់ដោយសហព័ន្ធ បានធ្វើការចែកប្តូរអាហារវប្បធម៌ជាលើកដំបូង។ សហគមន៍ Somali Bantu បានប្រគល់ពោតចំនួន ២០០០ ផោនពីកសិដ្ឋានរបស់ពួកគេទៅ កុលសម្ព័ន្ធ Mi'kmaq Nation នៅភាគខាងជើងម៉េន ។ ជាការតបស្នង កុលសម្ព័ន្ធបានផ្តល់ត្រីកកចំនួន ៤០០ ផោន។ ទោះបីជាមកពីផ្នែកផ្សេងៗគ្នានៃពិភពលោកក៏ដោយ មេដឹកនាំរបស់សហគមន៍ទាំងពីរបាននិយាយថា ពួកគេបានសង្កេតឃើញពីភាពស្រដៀងគ្នាជាច្រើន រួមទាំងការផ្លាស់ទីលំនៅពីដីដើមរបស់ពួកគេ។ មេដឹកនាំសហគមន៍ទាំងពីនិយាយថា ពួកគេសង្ឃឹមថានឹងបន្តកសាងនិងរក្សាសម្ព័នភាព រវាងក្រុមទាំងពីរ ហើយពួកគេកំពុងរៀបចំផែនការក្នុងការចែករំលែកវប្បធម៌ប្រពែណីបន្ថែមទៀត។
អ្នកសិក្សាភាសាអង់គ្លេស
សាលារៀននៅ Presque Isle ភាគខាងជើងរដ្ឋម៉េន កំពុងជួលបុគ្គលិកបន្ថែមទៀត ដើម្បីជួយដល់សិស្សដែលនិយាយភាសាចំរុះ។ ឆ្នាំនេះ ស្រុកមានសិស្សថ្មីពីរនាក់មកពីប្រទេស Venezuela ដែលនៅតែរៀនភាសាអង់គ្លេស។ Rafael Urdaneta អាយុ ១៦ ឆ្នាំ និយាយថាទោះបីជាមានបញ្ហាភាសាក៏ដោយក៏គាត់រីករាយនឹងការរៀននៅវិទ្យាល័យ។ គាត់និយាយថា គ្រូបង្រៀន និងសិស្សបានស្វាគមន៍ ហើយនៅក្នុងថ្នាក់ភាសាអេស្ប៉ាញ គាត់មានឱកាសចែករំលែករឿងរ៉ាវមួយចំនួននៃគ្រួសាររបស់គាត់ជាមួយសិស្សផ្សេងទៀត។ ស្រុកកំពុងស្វែងរកជួលអ្នកបកប្រែដើម្បីជួយ Urdaneta និងប្អូនស្រីរបស់គាត់ ខណៈពេលពួកគេកំពុងបន្តរៀនភាសាអង់គ្លេស។ នាយកសាលាស្រុក Ben Greenlaw និយាយថា ពួកគេក៏កំពុងព្យាយាមជួលគ្រូបង្រៀន ESOL ដើម្បីរៀបចំសម្រាប់សិស្សនិយាយភាសាចំរុះបន្ថែមទៀតនាពេលអនាគត។
នេះគឺជា Maine Public News Connect សូមអរគុណសម្រាប់ការចូលរួមរបស់លោកអ្នក។ យើងនឹងជួបអ្នកនៅពេលក្រោយ។