Maine Public News Connect (09/22/2023): Housing Protest, Temporary Protected Status, Legal Guidance, Celebrating Community Leaders

ការតវ៉ាអំពីលំនៅដ្ឋាន

មនុស្សជាង ១០០នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅសាលាក្រុងPortland កាលពីរសៀលថ្ងៃសុក្រសប្តាហ៍មុន ដើម្បីទាមទារឱ្យបញ្ចប់ការអនុវត្តការបោសសម្អាតជំរុំតង់របស់អ្នកដែលគ្មានផ្ទះសម្បែង។ បុគ្គលិក​ក្នុង​ក្រុង និង​រដ្ឋ​បានចុះ​រុះរើ​ជំរំ​ពីរ​ក្នុង​ខែ​នេះ។ គំរោងបន្ទាប់របស់ទីក្រុងគឺនឹងរុះរើជុំរំតង់ នៅតាមបណ្តោយផ្លូវ Marginal Way ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកតស៊ូមតិកំពុងជំរុញឱ្យទីក្រុងផ្អាកក្នុងការរុះរើសិន ហើយផ្ទុយទៅវិញគួរតែផ្តោតលើការផ្តល់នូវសេវាសុខភាពផ្លូវចិត្ត និងការព្យាបាលបញ្ហាការប្រើប្រាស់សារធាតុញៀនបន្ថែមទៀតសម្រាប់អ្នកដែលជួបប្រទះភាពគ្មានផ្ទះសម្បែង។ ទីក្រុងនិយាយថា ខ្លួននឹងពិចារណាលើការពង្រីកជម្រកស្នាក់នៅសំរាប់អ្នកគ្មានផ្ទះសម្បែងនៅក្នុងក្រុង។ យោងតាមទីក្រុង Portland មានតង់ប្រហែល ២០០ ។ 

ស្ថានភាពការពារបណ្តោះអាសន្ន

រដ្ឋាភិបាលសហព័ន្ធកាលពីដើមខែនេះបានពង្រីកការការពារផ្លូវច្បាប់បណ្តោះអាសន្នសម្រាប់ជនអន្តោប្រវេសន៍មួយចំនួនមកពីប្រទេសស៊ូដង់ខាងត្បូង ដោយលើកឡើងពីជម្លោះប្រដាប់អាវុធដែលកំពុងបន្តនៅក្នុងប្រទេសដែលរារាំងប្រជាជនមិនឱ្យត្រឡប់ទៅផ្ទះវិញ។ ស្ថានភាពការពារបណ្តោះអាសន្ន (TPS) អនុញ្ញាតឱ្យជនអន្តោប្រវេសន៍ដែលមានសិទ្ធិរស់នៅ និងធ្វើការនៅក្នុងសហរដ្ឋអាមេរិកក្នុងរយៈពេលមានកំណត់។ លក្ខ័ខ័ណនេះមិនមានផ្តល់ផ្លូវឲ្យសុំសញ្ជាតិអាមេរិកទេ។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រដ្ឋាភិបាលសហព័ន្ធក៏បានពង្រីកការការពារ TPS សម្រាប់ជនជាតិអ៊ុយក្រែន និងស៊ូដង់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយសារប្រទេសទាំងពីរប្រឈមមុខនឹងសង្គ្រាមដែលកំពុងបន្ត។ បច្ចុប្បន្នប្រទេសផ្សេងទៀតដែលមានសិទ្ធិទទួលបាន TPS រួមមាននីការ៉ាហ្គា ហៃទី និងអែលសាល់វ៉ាឌ័រ។

ការណែនាំផ្លូវច្បាប់

អង្គការជំនួយផ្នែកច្បាប់ដែលផ្តោតលើអន្តោប្រវេសន៍តែមួយគត់របស់រដ្ឋម៉េន កំពុងបកប្រែការណែនាំផ្លូវច្បាប់ជាមូលដ្ឋានពីភាសាអង់គ្លេសទៅភាសាជាច្រើន។ គម្រោងតស៊ូមតិផ្នែកច្បាប់ជនអន្តោប្រវេសន៍ (ILAP) បានពង្រីកផ្នែកជំនួយច្បាប់នៅលើគេហទំព័ររបស់ខ្លួន ដូច្នេះគ្រប់ទំព័រទាំងអស់ឥឡូវនេះមានជាភាសាបារាំង ព័រទុយហ្គាល់ អេស្ប៉ាញ លីងហ្គាឡា សូម៉ាលី និងភាសាផ្សេងទៀត។ អ្នកនាំពាក្យ ILAP បាននិយាយថា ពួកគេបានធ្វើការផ្លាស់ប្តូរ ដូច្នេះបញ្ហាភាសានឹងកាត់បន្ថយសម្រាប់បុគ្គលដែលស្វែងយល់ពីប្រព័ន្ធអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក។ នៅរដ្ឋម៉េន កង្វះមេធាវីអន្តោប្រវេសន៍អាចធ្វើឱ្យមានការលំបាកសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន និងជនអន្តោប្រវេសន៍ផ្សេងទៀតក្នុងការស្វែងរកតំណាងស្របច្បាប់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

អបអរសាទរ អ្នកដឹកនាំសហគមន៍

កាលពីសប្តាហ៍មុន មនុស្សរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅមជ្ឈមណ្ឌលព័ត៌មាន Portland ដើម្បីអបអរដល់អង្គការនិងបុគ្គលដែលធ្វើការនៅក្នុងសហគមន៍ ឡាទីណូ (Latino) របស់ម៉េនដែលបានរួមចំណែកក្នុងការកសាងសហគមន៍ ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយផលិតករភាពយន្តជនជាតិប៉េរូ Victoria Chicon ។ ជាច្រើនទសវត្សរ៍មុន Chicon បានដឹកនាំកម្មវិធីមួយសម្រាប់ស្ថានីយ៍ទូរទស្សន៍សហគមន៍ Portland ដែលបង្ហាញពីព្រឹត្តិការណ៍ និងបញ្ហានៅក្នុងសហគមន៍ឡាទីណូ (Latino) ។ ថ្មីៗនេះ Chicon បានទទួលជំនួយក្នុងការថតវីដេអូឌីជីថល ហើយបាននិយាយថានាងចង់ប្រើឱកាសដើម្បីអបអរសាទរដល់អ្នកដែលបានគាំទ្រសហគមន៍ឡាទីណូ (Latino) នៅម៉េន ។ Chicon បានទទួលស្គាល់អង្គការមិនរកប្រាក់ចំណេញជាច្រើន ហើយបានសរសើរម្ចាស់ភោជនីយដ្ឋាន Latino ក្នុងស្រុកសម្រាប់ការផ្តល់កន្លែងជួបជុំជាមួយមិត្តភក្តិ និងចែករំលែកអាហារពីអាមេរិកឡាទីន។ អ្នកតំណាងមកពីស្ថានកុងស៊ុល Peruvian នៅទីក្រុង Boston ក៏មានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះផងដែរ។

នេះគឺជា Maine Public News Connect សូមអរគុណសម្រាប់ការចូលរួមរបស់លោកអ្នក។ យើងនឹងជួបអ្នកនៅពេលក្រោយ។

Previous
Previous

Maine Public News Connect (10/07/2023): សុន្ទរកថារបស់អភិបាលក្រុង ការផ្តល់មូលនិធិថែទាំកុមារ កម្មវិធីចែករំលែកអាហារ អ្នកសិក្សាភាសាអង់គ្លេស

Next
Next

Maine Public News Connect (09/15/2023): New COVID Vaccine, Neo-Nazis, Scholarship Fund, Professional Soccer Team