Maine Public News Connect Ep. 110: លំនៅដ្ឋានអន្តរកាល ការប្រើថ្នាំលើសកម្រិត ការប្រារព្ធពិធី Juneteenth និង ទិវាជនភៀសខ្លួនពិភពលោក
លំនៅដ្ឋានអន្តរកាល ការប្រើថ្នាំលើសកម្រិត ការប្រារព្ធពិធី Juneteenth និង ទិវាជនភៀសខ្លួនពិភពលោក
ខ្ញុំម្ចាស់កម្មវិធី ធារី រ៉ាយដឺ ។ ថ្ងៃនេះគឺជាថ្ងៃសុក្រ ទី 23 ខែមិថុនា ហើយនេះគឺជាពត៌មានសំខាន់ប្រចាំសប្តាហ៍។
លំនៅដ្ឋានអន្តរកាល
អ្នកស្វែងរកសិទ្ធិជ្រកកោននៅរដ្ឋ Maine អាចផ្លាស់ប្តូរលំនៅដ្ឋានទៅនៅក្នុងមហាវិទ្យាល័យមួយនាពេលឆាប់ៗនេះ។ សំណើមួយត្រូវបានដាក់ស្នើរសុំឲ្យមនុស្សប្រហែលជា 600 នាក់ចូលទៅរស់នៅក្នុងបរិវេណសកលវិទ្យាល័យ Unity Environmental ដែលមានទីតាំងនៅទីជនបទនៃក្រុង Unity ដែលនៅចន្លោះពី Augusta និង Bangor ។ ក្រុមដែលបានដាក់សំណើរនេះ បាននិយាយថា បរិវេណសាលាអាចត្រូវបានប្រើប្រាស់ជាលំនៅដ្ឋានអន្តរកាលបានដោយសារវាបន្ទប់សំរាក កន្លែងទទួលទានអាហារដ៏ធំ ទីធ្លារួម និងបរិក្ខារផ្សេងៗទៀតដែលនៅជិតៗគ្នា។ ឥឡូវនេះ ការិយាល័យអភិបាលរដ្ឋកំពុងពិនិត្យលើសំណើនេះ។ ប្រធានសាកលវិទ្យាល័យបាននិយាយថា លោកមិនទាន់បានទទួលសំណើជាផ្លូវការទេ ប៉ុន្តែសាកលវិទ្យាល័យមានឆន្ទៈក្នុងការជួយ ប្រសិនបើមានផែនការត្រឹមត្រូវណាមួយនោះ។
ការប្រើថ្នាំលើសកម្រិត
ចំនួនប្រជាជនក្នុងរដ្ឋម៉េនដែលស្លាប់ដោយការប្រើថ្នាំលើសកម្រិតបានថយចុះបន្តិចក្នុងឆ្នាំនេះ។ លោក Gordon Smith ប្រធានទទួលបន្ទុកបញ្ហាសារធាតុញៀនរបស់រដ្ឋMaine និយាយថា មានមនុស្ស 201 នាក់បានស្លាប់ក្នុងរយៈពេល 4 ខែដំបូងនៃឆ្នាំនេះ បើប្រៀបធៀបទៅនឹងឆ្នាំមុនមានមនុស្សស្លាប់ដល់ទៅ 215 ក្នុងអំឡុងពេលដូចគ្នានេះ។ សារធាតុថ្នាំ fentanyl ដ៏មានឥទ្ធិពលខ្លាំងគឺជាមូលហេតុចំបងបំផុតនៃការស្លាប់ដោយការប្រើថ្នាំលើសកម្រិត ទោះបីពេលខ្លះអ្នកប្រើប្រាស់ បានប្រើថ្នាំនេះលាយផ្សំជាមួយថ្នាំដទៃទៀតក៏ដោយ។ លោក Smith បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលអភិបាល Janet Mills ក្នុងការពង្រឹងបន្ថែមទៅលើការព្យាបាល ហើយថ្មីៗនេះក៏មានសេចក្តីប្រកាសថា រដ្ឋាភិបាលបានបន្ថែមគ្រែសំរាកព្យាបាលនៅក្នុងទូទាំងរដ្ឋចំនួន 140ទៀត ។
ការប្រារព្ធពិធី Juneteenth
ទីក្រុង Portland បានប្រារព្ធខួប Juneteenth ក្នុងសប្តាហ៍នេះដោយមានកម្មវិធីពេញមួយថ្ងៃនៅសាកលវិទ្យាល័យ Southern Maine ដែលមានការពិភាក្សាជាក្រុម ការសម្តែងសិល្បៈ និងពិព័រណ៍អាជីវកម្ម ដែលប្រារព្ធប្រពៃណីរបស់សហគមន៍ជនជាតិស្បែកខ្មៅនៅក្នុង រដ្ឋMaine ។ Juneteenth គឺជាថ្ងៃឈប់សម្រាករបស់សហរដ្ឋអាមេរិកដែលទទួលស្គាល់ថ្ងៃក្នុងឆ្នាំ 1865 នៅពេលដែលប្រជាទាសករនៅរដ្ឋតិចសាស់ត្រូវបានដោះលែង បន្ទាប់ពីសង្គ្រាមស៊ីវិល
អាមេរិក ។ នៅក្នុងព្រឹត្តិការណ៍ក្នុងក្រុងPortland ប្រជាជនចាស់ៗជាច្រើននាក់បាននិយាយអំពីការរើសអើងជាតិសាសន៍ ដែលពួកគេប្រឈមមុខនៅកំឡុងពេលធំឡើងក្នុងរដ្ឋMaine។ សូម្បីតែមិត្តរួមថ្នាក់ដែលនិយាយពាក្យប្រមាថពូជសាសន៍មកកាន់ពួកគេនៅក្នុងសាលារៀន និងម្ចាស់ផ្ទះមិនព្រមជួលឱ្យពួកគេ។ ព្រឹត្តិការណ៍នេះក៏បានទាក់ទាញឲ្យមានការចូលរួមពីសំណាក់អាជីវកម្មដ៏មានជោគជ័យមួយចំនួន ដែលគ្រប់គ្រងដោយជនជាតិស្បែកខ្មៅ និងមានការសំដែងសិល្បៈដោយសិល្បករក្នុង ស្រុក ។ Ellen McKenzie ដែលបានចូលរួមនៅលើការពិភាក្សាជាក្រុម និងចែករំលែកបទពិសោធន៍របស់នាងដែលធំឡើងនៅទីក្រុង Portland ដោយបាននិយាយថា ព្រឹត្តិការណ៍នេះបង្ហាញនាងពីលទ្ធផលដែលសហគមន៍ជនជាតិស្បែកខ្មៅបាន
តស៊ូទាមទារដើម្បីឲ្យមានសិទ្ធិសេរីភាពស្មើគ្នា និងដំណើរនៃការតស៊ូដែលនឹងបន្តធ្វើនៅថ្ងៃខាងមុខទៀត។
ទិវាជនភៀសខ្លួនពិភពលោក
នៅក្នុងសប្តាហ៍នេះផងដែរ មជ្ឈមណ្ឌលស្វាគមន៍ជនអន្តោប្រវេសន៍ Greater Portland បានប្រារព្ភទិវាជនភៀសខ្លួនពិភពលោកដោយមានការប្រគុំតន្ត្រី និងការសម្តែង នៅកណ្តាលទីក្រុង Portland ។ នៅក្នុងព្រឹត្តិការណ៍នោះ សមាជិកក្រុមប្រឹក្សាក្រុង Portland លោក Pious Ali បានអានសេចក្តីប្រកាសពីក្រុងដែលទទួលស្គាល់ខែមិថុនាជាខែមរតកជនអន្តោប្រវេសន៍ ។ សភារដ្ឋMaine បានអនុម័តច្បាប់ស្រដៀងគ្នានេះ ដោយអំពាវនាវឱ្យមានការយកចិត្តទុកដាក់ចំពោះការរួមចំណែកដែលសហគមន៍ជនភៀសខ្លួន និងជនអន្តោប្រវេសន៍បានធ្វើចំពោះរដ្ឋ Maine ។ ប៉ុន្តែព្រឹត្តិការណ៍នេះក៏បានគូសបញ្ជាក់ពីផលលំបាកដែលជនអន្តោប្រវេសន៍ប្រឈមមុខក្នុងរដ្ឋMaine ។ អ្នកស្វែងរកសិទ្ធិជ្រកកោនដែលទើបតែមកដល់ថ្មីៗជាច្រើននាក់ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះបាននិយាយថាពួកគេកំពុងព្យាយាមស្វែងរកលំនៅដ្ឋានជាក់លាក់ដើម្បីស្នាក់នៅ។
នេះគឺជា Maine Public News Connect សូមអរគុណសម្រាប់ការចូលរួមជាមួយពួកយើង។ យើងនឹងជួបអ្នកនៅពេលក្រោយ ។