Maine Public News Connect (07/21/23): ប្រាក់ឧបត្ថម្ភសំរាប់ការឈប់សំរាក ការសិក្សានៅមហាវិទ្យាល័យដោយឥតគិតថ្លៃ កម្មវិធីសាលារដូវក្តៅ និង សិល្បករអន្តោប្រវេសន៍

ប្រាក់ឧបត្ថម្ភសំរាប់ការឈប់សំរាក ការសិក្សានៅមហាវិទ្យាល័យដោយឥតគិតថ្លៃ កម្មវិធីសាលារដូវក្តៅ និង សិល្បករអន្តោប្រវេសន៍

ខ្ញុំជាម្ចាស់កម្មវិធី ធារី រ៉ាយដឺរ ។ ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​សុក្រ ទី ២១ ខែ​កក្កដា ហើយ​នេះ​ជា​រឿង​សំខាន់​ប្រចាំ​សប្តាហ៍។

ប្រាក់ឧបត្ថម្ភសំរាប់ការឈប់សំរាក

ម៉េននឹងក្លាយជារដ្ឋទី ១៣ ដែលតម្រូវឱ្យនិយោជកជាច្រើនផ្តល់ប្រាក់ឧបត្ថម្ភដល់និយោជិកសំរាប់ការសំរាកដើម្បីគ្រួសារ និងការសម្រាកព្យាបាលជំងឺ។ចាប់ផ្តើមនៅនិទាឃរដូវឆ្នាំ ២០២៦ និយោជិកជាច្រើននៅរដ្ឋម៉េន នឹងអាចចំណាយពេលរហូតដល់ ១២ សប្តាហ៍នៃការឈប់សម្រាកដែលមានប្រាក់ខែដើម្បីមើលថែទាំសមាជិកគ្រួសារដែលឈឺ ឬក្រោយពេលសម្រាលកូន ឬ ការចិញ្ចឹមកូន។អត្ថប្រយោជន៍ទាំងនោះនឹងត្រូវបានផ្តល់ហិរញ្ញប្បទានតាមរយៈពន្ធប្រាក់ឈ្នួលរហូតដល់ ១ ភាគរយ ដែលនឹងត្រូវបែងចែកស្មើៗគ្នារវាងនិយោជិក និងនិយោជក។ ប៉ុន្តែ​ដើម្បី​ចាប់​ផ្តើម​កម្មវិធី​នេះ អ្នកបង្កើតច្បាប់ត្រូវ​ត្រៀម​ថវិកា​ចំនួន ២៥​លាន​ដុល្លារ​ដែល​បាន​ឆ្លង​កាត់​សភា និង​ព្រឹទ្ធសភាដែលភាគ​​ច្រើន​បោះឆ្នោតតាម​ខ្សែ​បណ្តោយបក្សរបស់ខ្លួន​កាល​ពី​សប្តាហ៍​មុន។ អភិបាល Janet Mills បាននិយាយថា កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភដល់និយោជិកសំរាប់ការសំរាកដើម្បីគ្រួសារ និងការសម្រាកព្យាបាលជំងឺសម្រាប់គ្រួសារថ្មីនេះគឺជា "ការវិនិយោគផ្លាស់ប្តូរ" ដែលមាននៅក្នុងគំរោងផែនការចំណាយ។

ការសិក្សានៅមហាវិទ្យាល័យដោយឥតគិតថ្លៃ

ផែនការចំណាយនោះក៏ពង្រីកកម្មវិធីសិក្សានៅមហាវិទ្យាល័យសហគមន៍ដោយឥតគិតថ្លៃដល់សិស្សវិទ្យាល័យក្នុងរដ្ឋម៉េនដែលបានបញ្ចប់ការសិក្សានៅឆ្នាំ២០២៤ និងឆ្នាំ២០២៥។ សិស្សមានសិទ្ធិទទួលបានការសិក្សាពីរឆ្នាំដោយឥតគិតថ្លៃ។ ប្រព័ន្ធមហាវិទ្យាល័យសហគមន៍បានរាយការណ៍ពីការកើនឡើងចំនួន ១២ ភាគរយក្នុងការចុះឈ្មោះចូលរៀនកាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន ដោយសិស្សប្រហែល ៦៤០០នាក់ នឹងទៅសាលារៀនដោយមិនគិតថ្លៃសិក្សា។ លោក David Daigler ប្រធានប្រព័ន្ធមហាវិទ្យាល័យសហគមន៍បាននិយាយថា គាត់ពិតជារំភើបចិត្តដែលគំនិតផ្តួចផ្តើមនេះនឹងត្រូវបន្ត ដោយសារគាត់បានឮរឿងរ៉ាវលំបាកជាច្រើនរបស់សិស្សដែលនឹងមិនអាចមានលទ្ធភាពទទួលបានការអប់រំខ្ពស់ប្រសិនបើគ្មានកម្មវិធីនេះ។

កម្មវិធីសាលារដូវក្តៅ

សាលារៀនចំនួន១៧ នៅរដ្ឋម៉េននឹងទទួលបាន ២លានដុល្លារបន្ថែមទៀតនៅរដូវក្តៅនេះ ដើម្បីជួយសិស្សដែលនៅតែប្រឈមមុខនឹងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ។ ក្រសួងអប់រំរដ្ឋនិយាយថា ជំនួយថវិកានេះនឹងជួយលើកស្ទួយដល់កម្មវិធីគណិតវិទ្យា និងអក្ខរកម្ម ការបង្រៀនបន្ថែម ការសិក្សានៅខាងក្រៅ និងកម្មវិធីគ្រួសារសម្រាប់សិស្សជិតមួយពាន់នាក់។ ការចំណាយលើគំរោងនេះបានតាមរយៈការផ្តល់មូលនិធិសង្គ្រោះជំងឺរាតត្បាតរបស់សហព័ន្ធ ហើយជំនួយនេះនឹងគាំទ្រកម្មវិធីសាលារៀននៅទូទាំងរដ្ឋ។

សិល្បករជាជនអន្តោប្រវេសន៍

សិល្បករចំនួន១៣នាក់ដែលបានផ្លាស់ទៅរដ្ឋម៉េន ដែលពួកគេមកពីជុំវិញពិភពលោកនឹងទទួលបានជំនួយផ្នែកហិរញ្ញវត្ថុដើម្បីបន្តអភិវឌ្ឍជំនាញសិល្បះរបស់ពួកគេតាមរយៈបណ្តាញសិល្បៈប្រពៃណី។ កម្មវិធីនេះដំណើរការដោយ Mayo Street Arts ក្នុងទីក្រុង Portland ហើយផ្តល់ជំនួយរហូតដល់ ១០០០ដុល្លា ដើម្បីជួយសិល្បករយកឈ្នះលើឧបសគ្គផ្នែកហិរញ្ញវត្ថុក្នុងរយៈពេលខ្លី។ អ្នកទទួលជំនួយនៅឆ្នាំនេះរួមមានក្រុមវាយស្គរប៊ូរុណឌៀន ក្រុមតន្រ្តីព្រះវិហារកុងហ្គោ តន្ត្រីករប្រជាប្រិយអាល់បានី និងច្រើនទៀត។ បន្ថែមពីលើមូលនិធិនេះ សិល្បករនឹងមានឱកាសរៀនសូត្រពីគ្នាទៅវិញទៅមក និងអប់រំសហគមន៍។

នេះគឺជា Maine Public News Connect សូមអរគុណសម្រាប់ការចូលរួម។ យើងនឹងជួបអ្នកនៅពេលក្រោយ។

Previous
Previous

Maine Public News Connect (07/28/23)កម្មវិធីចែករំលែកផ្ទះស្នាក់នៅ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ការអភិវឌ្ឍន៍លំនៅដ្ឋាន និង ការអនុញ្ញាតការងារ

Next
Next

Maine Public News Connect Ep. 110: លំនៅដ្ឋានអន្តរកាល ការប្រើថ្នាំលើសកម្រិត ការប្រារព្ធពិធី Juneteenth និង ទិវាជនភៀសខ្លួនពិភពលោក